ឯកឧត្តម ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ បានអញ្ជើញ ចុះត្រួតពិនិត្យសំណង់ អគារអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ.................
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកស្នងការរង និងសហការី បានអញ្ជើញ ចុះត្រួតពិនិត្យការសាងសង់អគារអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដែលមានទំហំប្រមាណ ទទឹង ១៨.៥ម៉ែត្រ គុណ បណ្តោយ ៣០ម៉ែត្រ ស្មើនឹង ៥៥៥ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាក្នុងការសាងសង់ប្រមាណ ៦០,០០០ ដុល្លារ ដែលជាការឧបត្ថម្ភពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមនឹងសប្បុរសជននានា ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមស្នងការ បានមានប្រសាសន៍ ប្រាប់ទៅលោកអធិការ អធិការរងទទួលការងារសាងសង់ និងក្រុមជាង ឱ្យយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការសាងសង់ ដោយផ្ដោតលើគុណភាពស្តង់ដារសំណង់ និងសុវត្ថិភាពជាចំបង ៕